ការបំផ្លាញធនធានសត្វព្រៃនៅតែកើតមាន ដោយជនសង្ស័យប្រើគ្រប់វិធី និងថ្ពិនភ្នែកសមត្ថកិច្ច លួចចូលដាក់អន្ទាក់ចាប់យកសត្វព្រៃ ទាំងប្រភេទល្មូន សត្វស្លាប ។ល។ នៅតំបន់ការពារធម្មជាតិ ដោយមិនញញើត។
នៅថ្ងៃទី ២២ ខែសីហា ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការកណ្ដាលឧទ្យានុរក្សឬស្សីជ្រុំថ្មបាំង កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣៣១១២៤-១២៩៥៣១២, ៣៣៣៤៩៥-១២៩៩០៤១) បានធ្វើការដោះសំណាញ់ចាប់សត្វស្លាប បានចំនួន០៣ដាយ ស្មើនឹងប្រវែង ៣០ម៉ែត្រ ដែលជារបស់អញ្ញាតជន ស្ថិតនៅភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។
ចំពោះវត្ថុតាងយកមករក្សាទុកនៅស្នាក់ការកណ្ដាលឧទ្យានុរក្សឬស្សីជ្រុំថ្មបាំង ៕