នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចូលរួមជាអធិបតី និងថ្លែងសន្ទរកថាបើកសិក្ខាសាលាស្តីពីការតាមដានវឌ្ឍនភាពការអនុវត្តផែនការនៃការរួមចំណែករបស់ជាតិក្នុងការអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDC) ក្រោមគម្រោងរបាយការណ៍តម្លាភាពពីរឆ្នាំម្តងលើកទី១នៅកម្ពុជា(BTR1) នៅប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុ ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងការចូលរួមពីក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងអនុក្រុមការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ជាតិ ដៃគូអភិវឌ្ឍ គ្រិះស្ថានសិក្សា មន្រ្តីអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធ សរុបចំនួន៨៥នាក់។
សិក្ខាសាលាបានពិនិត្យ និងពិភាក្សាលើចំណុចសំខាន់ៗដូចខាងក្រោម៖
• ស្វែងយល់ពីសេចក្តីណែនាំសម្រាប់ការតាមដានវឌ្ឍនភាពក្នុងការអនុវត្ត និងលទ្ធផលសម្រេចសំខាន់ៗពីផែនការរួមចំណែករបស់ជាតិ(NDCs)
• បានទទួលព័ត៌មានបន្ថែមអំពីតាមដានវឌ្ឍនភាពក្នុងការអនុវត្ត និងការសម្រេចបាននូវ NDCs ក្នុងវិស័យថាមពល កសិកម្ម ដំណើរការឧស្សាហកម្មនិងការប្រើប្រាស់ផលិតផល និងសំណល់ ក្នុងប្រទេសកម្ពុជា ៕