នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោក លន់ លីដូ និងកញ្ញា ឌីន ភារុណ បានចូលរួមកម្មវិធីបង្ហាញផ្លូវ ស្តីពី«អាស៊ានមួយ ការឆ្លើយតបមួយ (One ASEAN One Response)» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ។
កម្មវិធីនេះសហការរៀបចំដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមជ្ឍមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌អាស៊ានសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) ក្រោមអធិបតីភាព ឧត្តម ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីកម្ពុជា និងជាអនុប្រធានទី២ គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និង លោក លី យ៉ាំម៉ឹង (Lee Yam Ming) នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលអាហារ ព្រមទាំងតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូ អភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ កាកបាទក្រហមកម្ពុជា និងវិស័យឯកជនចំនួន ១៧៣នាក់។
កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីជួបជុំភាគីពាក់ព័ន្ធទាំងអស់នៅថ្នាក់ជាតិ និងថ្នាក់តំបន់ ក្នុងការស្វែងយល់ និងចែករំលែកចំណេះដឹងអំពីយន្តការគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់អាស៊ាន។
ជាលទ្ធផលនៃកម្មវិធី៖
ឯកឧត្តម ហង្ស សាមឿន បានលើកឡើងថានៅដើមខែកញ្ញា ឆ្នាំ២០២៤នេះ ខ្យល់ព្យុះ Yagi បានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ប្រទេសវៀតណាម ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន និងឡាវ ដែលយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌល AHA ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ មានប្រជាជនស្លាប់សរុបប្រមាណ ៣៥២នាក់ និងបាត់ខ្លួន ១១០នាក់ ផលប៉ះពាល់ និងខូចខាតដោយខ្យល់ព្យុះនេះ មានទំហំធំ និងត្រូវការពេលវេលាយូរក្នុងការស្តារឡើងវិញ។ ការងារគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ស្ថិតនៅជាស្នូល នៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (AADMER) ដោយបាន គូសបញ្ជាក់ពីតួនាទីដ៏សំខាន់ នៃការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ នៅគ្រប់កម្រិត រួមទាំងមូលដ្ឋានសហគមន៍ និងប្រើប្រាស់វិធីសាស្ត្រ ដោយផ្អែកលើសហគមន៍ ក្នុងការដោះស្រាយហានិភ័យគ្រោះមហន្តរាយ នៅក្នុងតំបន់។
ព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងគ្រោះមហន្តរាយនៅកម្ពុជា ក៏ដូចជាប្រទេសជាសមាជិកអាស៊ានដែលទទួលផលប៉ះពាល់ពីគ្រោះមហន្តរាយ ត្រូវបានផ្សព្វផ្សាយ និងចែករំលែក ។
– បានយល់ដឹងពីគោលនយោបាយ និងក្របខ័ណ្ឌគតិយុត្តក្រោមយន្តការគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា យល់ដឹងអំពីតួនាទីភារកិច្ច និងសកម្មភាពផ្សេងៗដែលលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយធ្វើ។
– បានយល់ដឹងអំពីកិច្ចព្រមព្រៀងអាស៊ានស្ដីពី ការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ ឆ្នាំ២០២១-២០២៥ (AADMER) ៕