ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋាន និងលោក ប៉ិច សុឃីម ប្រធានការិយាល័យ បានជួបប្រជុំជាមួយក្រុមជំនាញការជាន់ខ្ពស់ជប៉ុន ដើម្បីពិភាក្សា និងផ្តល់ធាតុចូលសម្រាប់រៀបចំគម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពល ឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូននៅកម្ពុជា នៅបន្ទប់ប្រជុំនាយកដ្ឋានប្រែប្រួលអាកាសធាតុ ទីស្តីការក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ ទទួលបានលទ្ធផលសំខាន់ដូចខាងក្រោម៖
– បានពិនិត្យ និងពិភាក្សាទៅលើសេណារីយ៉ូទាំងបីដែលជាមូលដ្ឋានគ្រឹះនៃការរៀបចំផែនទីបង្ហាញផ្លូវអន្តរកាលថាមពល។
– បានពិនិត្យ ពិភាក្សា និងផ្តល់យោបល់ទៅលើលទ្ធផលនៃការប៉ាន់ប្រមាណនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមសេណារីយ៉ូនីមួយៗ។
– បានពិភាក្សាអំពីការប្រើប្រាស់ទិន្នន័យ និងវិធីសាស្ត្រគណនាឧស្ម័នផ្ទះកញ្ចក់ដែលក្រសួងបរិស្ថានបានប្រើប្រាស់ក្នុងពេលរៀបចំផែនការបច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្ត្ររយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ៕