នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្តគោលនយោបាយនិងយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រងនិងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.) បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយពីគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០២៨ ក្រោមអធិបតីភាពបើកឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
សិក្ខាសាលានេះមានគោលបំណង៖
១- ផ្សព្វផ្សាយ និងបង្កើនការយល់ដឹងពីវិធានការណ៍សំខាន់ៗរបស់គោលនយោបាយជាតិរួមមាន៖ ក-ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ខ- ការផ្គត់ផ្គង់ និង គ- ការការពារបរិស្ថាន និង
២- ផ្តល់ឱកាសឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យយានយន្តអគ្គិសនី និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធស្ថានីបញ្ចូលថាមពលយានយន្រអគ្គិសនី។
សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងស្ថាប័នពាក់ព័ន្ធ សមាជិកសមាជិការនៃ គ.ល.គ.យ.អ. តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងស្ថានទូតនិងអង្គទូត វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ប្រមាណជាង២៥០នាក់។
សិក្ខាសាលាផ្សព្វផ្សាយនេះធ្វើឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្តជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០២៨ នេះឱ្យមានប្រសិទ្ធភាពខ្ពស់។ ស្ថិតនៅក្រោមគោលនយោបាយនេះ ក្រសួងបរិស្ថានត្រូវអនុវត្តវិធានការគោលនយោបាយចំនួន៥ ដោយក្នុងនោះវិធានការចំនួន ៤ពាក់ព័ន្ធនឹងការការពារបរិស្ថាន និងវិធានការមួយទៀតពាក់ព័ន្ធនឹងការបញ្ជ្រាបការយល់ដឹងពីយានយន្តអគ្គសនី ពីឆ្នាំ២០២៤ ដល់២០២៦ ៕