រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី សមាជិកក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភពីក្រសួងបរិស្ថាន ដឹកនាំដោយលោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដោយ ឯកឧត្តម យិន សំរាយ ទីប្រឹក្សាក្រសួងបរិស្ថាន និងលោក ផេង ប៊ុនថា ប្រធានការិយាល័យ នៃនាយកដ្ឋានជីវភាពសហគមន៍ បានចូលរួមពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស ក្រោមអធិបតីភាព ឯកឧត្តម ឡេង សេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួមសរុបចំនួន ៨៣នាក់។
កិច្ចប្រជុំនេះ មានគោលបំណង បង្ហាញគោលការណ៍អនាម័យទូទៅដែលប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ត្រូវយល់ដឹងនិងអនុវត្តនៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ និងជាមូលដ្ឋានសម្រាប់ឱ្យក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធអនុវត្តការត្រួតពិនិត្យតាមភារកិច្ចរៀងៗខ្លួន និង កំណត់ចេញនូវលក្ខខណ្ឌសីតុណ្ហភាពដាក់ឱ្យត្រជាក់ និងបង្កកសម្រាប់ម្ហូបអាហារជាក់លាក់មួយចំនួន ព្រមទាំងលក្ខណវិនិច្ឆ័យមីក្រូជីវសាស្រ្តសម្រាប់ការធ្វើតេស្តវាយតម្លៃពីភាពសមស្របតាមលក្ខខណ្ឌអនាម័យនៃផលិតផលក្នុងដំណាក់កាលកំពុងកែច្នៃ និងលក្ខណវិនិច្ឆ័យសុវត្ថិភាពម្ហូបអាហារសម្រាប់បាក់តេរីដែលបង្កជំងឺនៅក្នុងអាហារ។
ផលកិច្ចប្រជុំ បានពិភាក្សាបន្តលើជំពូកទី៦-៧ (មាត្រាទី២២-២៨) ដូចខាងក្រោម៖
ជំពូកទី ៦៖លក្ខណៈកំណត់ទូទៅចំពោះគ្រឿងបរិក្ខារ
ជំពូកទី ៧៖ការគ្រប់គ្រងសំណល់ រឹង រាវ និងទឹកកខ្វក់
នៅក្នុងជំពូកទី៧ ត្រង់មាត្រាទី២៧ និង២៨ លោកជំទាវ ងិន លីណា បានផ្តល់ធាតុចូល ទាក់ទងនឹងការគ្រប់គ្រងសំណល់រឹង និងរាវ ដោយផ្នែកលើមូលដ្ឋានឯកសារគតិយុត្តរបស់ក្រសួងបរិស្ថាន (អនុក្រឹត្យ ១១៣ និងអនុក្រឹត្យ៣៦) ។ កិច្ចពិភាក្សានេះនឹងពិភាក្សាបនបន្តទៀតនាក្រោយ ៕