កំពង់ស្ពឺ៖ ប្រធានកិត្តិយសនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃក្រសួងបរិស្ថាន លោកស្រី ជា សុផាកន្នី បានលើកឡើងថា ការលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ទាំងស្រុងចេញពីកម្ពុជា គឺផ្តើមចេញពីយើងទាំងអស់គ្នា យើងទាំងអស់គ្នាអាចធ្វើបាន ដោយគ្រាន់តែគេងក្នុងមុងជ្រលក់ថ្នាំរាល់ថ្ងៃ និងបំបាត់ឱ្យអស់ប្រភពនៃជម្រកមូស។ការលើកឡើងដូច្នេះគ្រាដែលលោកស្រី ដឹកនាំប្រតិភូក្រសួងបរិស្ថាននិងមន្ត្រីជំនាញនៃក្រសួងសុខាភិបាលចុះអប់រំផ្សព្វផ្សាយស្តីពីការបង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងភូមិសាស្ត្រសហគមន៍ចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។
លោកស្រី ជា សុផាកន្នី បានលើកឡើងថាក្រសួងបរិស្ថាន បានសហការជាមួយក្រសួងសុខាភិបាលចុះធ្វើការផ្សព្វផ្សាយលើការបង្ការ លុបបំបាត់ជំងឺគ្រុនចាញ់នៅគ្រប់គោលដៅដែលងាយរងគ្រោះ ដើម្បីជំរុញ និងបំផុសការយល់ដឹងជាសាធារណៈឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមទីជនបទដើម្បីផ្លាស់ប្ដូរផ្នត់គំនិត និងទម្លាប់របស់ប្រជាពលរដ្ឋ ក្នុងការប្រតិបត្តិលើការរស់នៅស្អាត គ្មានការចម្លងជំងឺគ្រុនចាញ់ ដើម្បីលើកកម្ពស់សុខុមាលភាពសង្គមនិងសំដៅរួមចំណែកដល់ការថែរក្សាសុខភាពប្រជាពលរដ្ឋ។
នៅក្នុងឱកាសនៃការអប់រំផ្សព្វផ្សាយនោះ ប្រធានកិត្តយសនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃក្រសួងបរិស្ថានបានអំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍អ្នកផ្តល់ជំនួយនានាសូមបន្តនូវកិច្ចសហការជាមួយក្រសួងបរិស្ថាន ដើម្បីលើកកម្ពស់កិច្ចការការពារធនធានធម្មជាតិ តាមរយៈការពង្រឹងសមត្ថភាព និងសុខុមាលភាពមន្ត្រីឧទ្យានុរក្ស និងគណៈកម្មការ សហគមន៍តំបន់ការពារធម្មជាតិដើម្បីចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យកាន់តែស៊ីជម្រៅ កាន់តែទូលំទូលាយ និងកាន់តែគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យកម្ពុជាអាចធ្វើដំណើរទៅកាន់អនាគតមួយដែលគ្មានជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ខាងមុខ។
ទន្ទឹមនោះលោកស្រី ជា សុផាកន្នី ក៏បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានតាមរយៈលោក អ៊ាង សុផល្លែត បាននិងកំពុងអនុវត្តនូវគោលការណ៍ចក្រាវិស័យបរិស្ថានគឺក្នុងគោលបំណងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធឱ្យជ្រួតជ្រាបពីវិធានការការពារ ទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការគេងក្នុងមុង និងរស់នៅស្អាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងគោលដៅចូលរួមការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងចេញពីកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ របស់ក្រសួងសុខាភិបាល។
អត្ថបទ៖ប៊ុត សារុន