ថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០២៤ នាយកដ្ឋានអភិរក្សតំបន់ការពារ ធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ដោយសហការពីគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពន្លឿនការងារចុះបញ្ជីដីរដ្ឋក្នុងតំបន់ការពារធម្មជាតិ រួមមានដែនជម្រកសត្វព្រៃតាតៃ ភូមិសាស្ត្រខេត្តកោះកុង និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្តកំពង់ស្ពឺ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដ.ន. ស.ស) ខេត្តកោះកុង និង ខេត្តកំពង់ស្ពឺ ដឹកនាំដោយប្រធាននាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប ដោយមានការចូលរួមពីលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តនីមួយៗ លោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោកតំណាងមន្ទីរបរិស្ថានខេត្តកោះកុង និងសហការីជំនាញ សរុបចំនួន៥០នាក់។
ឆ្លងតាមការពិនិត្យលើផែនទី ការពិភាក្សា អង្គប្រជុំទទួលបានលទ្ធផល ដូចខាងក្រោម :
១.ខេត្តកោះកុង៖
-អង្គប្រជុំបានឯកភាពកំណត់កិច្ចការចុះបញ្ជីដីរដ្ឋក្នុងតំបន់ការពារធម្មជាតិ ជាការងារអាទិភាពរបស់ខ្លួន
-មន្ទីរជំនាញទាំងពីរឯកភាពចែករម្លែក និង ពិនិត្យរួមគ្នាទិន្នន័យព័តមានភូមិសាស្ត្រ (GIS shapefile) ដើម្បីបង្កភាពងាយស្រួលដល់ក្រុមការងារចុះបញ្ជីដីរដ្ឋប្រមូលទិន្នន័យ ចងក្រងទិន្នន័យ រៀបចំរបាយការណ៍វិភាគ និងកសាងផែនទី
-មន្ទីរដ.ន.ស.សខេត្ត ត្រូវការប្រមូលទិន្នន័យបន្ថែមទៀត ដោយសហការជាមួយបមន្ទីរបរិស្ថាន ចុះពិនិត្យទីតាំងជាក់ស្ដែង និង រួមគ្នាពន្លឿនបញ្ចប់ការងារ ។
២.ខេត្តកំពង់ស្ពឺ៖
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដ.ន.ស.ស) បានរៀបចំជារបាយការណ៍វិភាគ និងផែនទី ដែលស្នើសុំចុះបញ្ជីដីរដ្ឋតាមនីតិវិធីពិសេសលើក្បាលដីចំនួន៤តំបន់ មាន ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញ ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ(គិរីរម្យ) និងឧទ្យានជាតិព្រះមុនីវង្ស-បូកគោ រួមទាំង(shapefile) គឺបានដាក់ជូនក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ រួចរាល់ រងចាំតែការពិនិត្យនិងមតិណែនាំបន្ត តែប៉ុណ្ណោះ ។
បន្ទាប់ពីពិនិត្យ និងពិភាក្សា អង្គប្រជុំបានឯកភាពប្រគល់ឯកសារជារបាយការណ៌លទ្ធ ផលវិភាគ(ថតចម្លង) និង Shapefile តំបន់ទាំង៤ ដែលស្នើសុំចុះបញ្ជីដីរដ្ឋពិសេសមកអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួង បរិស្ថាន ដើម្បីជួយពិនិត្យ និងពន្លឿន ៕