លោកអ៊ុក ណាវ៉ាន់ អគ្គនាយករង និងលោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត បានចូលរួមក្នុងវេទិកាវិនិយោគអាស៊ីស្ដីពី ហិរញ្ញវត្ថុផ្អែក លើតម្រូវការ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
វេទិកានេះសហការរៀបចំឡើងដោយ លេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ អង្គការUN ESCAPE the LDC Asia និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េ ដោយមានសមាជិកចូលរួមមកពីប្រទេសអាស៊ានចំនួន៩ (លើកលែងប្រទេសភូមា) ប្រទេសបង់ក្លាដេស នេប៉ាល់ ទីម័រខាងកើត ប៊ូតាន់ កូរ៉េ ជប៉ុន តំណាងមកពី UNFCCC, AF, GEF, GCF, MRC, IFAD, GGGI, GIZ, IUCN, JICA, FAO, ADB និងតំណាងវិស័យឯកជនមួយចំនួនសរុបប្រមាណ៦៥នាក់។
គោលបំណងនៃវេទិកានេះនេះគឺ ដើម្បីប្រមូលផ្ដុំតំណាងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ អ្នកជំនាញបច្ចេកទេសពីប្រទេសអាស៊ានចំនួន៩ និងប្រទេសអភិវឌ្ឍន៍តិចតួចនៅអាស៊ីចំនួន៦ ស្ថាប័នផ្ដល់មូលនិធិ និងស្ថាប័នមានសម្បទា (Accredited Entities) ក្នុងតំបន់ ដើម្បីរៀបចំគម្រោងថ្នាក់តំបន់ដើម្បីស្នើសុំមូលនិធិពីប្រភពមូលនិធិផ្សេងៗដូជា GCF, GEF, AF ជាដើម។ ជាលទ្ធផល អ្នកចូលរួមទទួលបានព័ត៌មានតាមរយៈបទបង្ហាញរបស់អ្នកជំនាញមកពីស្ថាប័នមានសម្បទា វិស័យឯកជន និងកិច្ចពិភាក្សានៃក្រុមដើម្បីរួមគ្នារៀបចំគម្រោងថ្នាក់តំបន់ (ក្រុមASEAN & the LDC Asia) ដែលក្នុងនោះមានដូចជា៖
• ក្រុមប្រទេសអាស៊ានបានកំណត់នូវតម្រូវការជាអាទិភាពថ្នាក់តំបន់លើវិស័យចំនួន៥ មានដូចជា វិស័យដឹកជញ្ជូនទីប្រជុំជនប្រកបដោយចីរភាព កសិកម្ម ដំណោះស្រាយផ្អែកលើធម្មជាតិសម្រាប់ប្រព័ន្ធអេកូឡូស៊ី ថាមពលកកើតឡើងវិញ និងអេកូទេសចរ។ គម្រោងថ្នាក់តំបន់ចំនួន៥ នឹងត្រូវរៀបចំឡើងតាមតម្រូវការអាទិភាពនៃវិស័យទាំង៥នេះ។
• ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅអាស៊ីបានកំណត់នូវតម្រូវការអាទិភាពថ្នាក់តំបន់លើវិស័យចំនួន៣ មានដូចជា វិស័យដឹកជញ្ជូនទីប្រជុំជនប្រកបដោយចីរភាពដោយផ្ដោតលើយានយន្តអគ្គិសនី ថាមពលកកើតឡើងវិញដូចជាការប្រែក្លាយសំណល់ជាថាមពល ដំណោះស្រាយផ្អែកលើធម្មជាតិសម្រាប់ប្រព័ន្ធអេកូឡូស៊ី។
• ជាមួយគ្នានេះដែរមានស្ថាប័នមានសម្បទាចំនួន២គឺ IFAD និងGIZ/MRC បានរៀបចំគំនិតសម្រាប់គម្រោងថ្នាក់តំបន់ ដែលមានគ្រោងស្នើសុំកម្ពុជាចូលរួមពាក់ព័ន្ធនឹងវិស័យកសិកម្ម និងធនធានទឹក/ទីជម្រាលឆ្លងដែន។
• ប្រទេសស្ថាប័នមានសម្បទានឹងបន្តកិច្ចពិភាក្សាជាមួយប្រទេសពាក់ព័ន្ធ ដើម្បីស្នើសុំកិច្ចសហការរៀបចំគម្រោងថ្នាក់តំបន់ ដើម្បីឆ្ពោះទៅការទទួលបានថវិកាគាំទ្រពីមូលនិធិអាកាសធាតុបៃតង មូលនិធិបរិស្ថានសកល មូលនិធិបន្ស៊ាំជាដើម សម្រាប់គម្រោងដែលមានលក្ខណៈសហប្រយោជន៍រវាងបន្ស៊ាំ និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងធានានូវភាពធន់និងចីរភាព។ សម្រាប់ការរៀបចំគម្រោងដាក់ជូនទៅមូលនិធិផ្សេងៗនេះ អង្គការIUCN គ្រោងនឹងរៀបចំសិក្ខាសាលាដើម្បីបញ្ចប់ការរៀបចំឯកសារទស្សនាទានគម្រោង ដល់អ្នកចូលរួមពីប្រទេសពាក់ព័ន្ធ ដែលគ្រោងនឹងធ្វើនៅពេលខាងមុខ។
• តំណាងដៃគូ មូលនិធិបរិស្ថានសកល មូលនិធិបន្ស៊ាំ មូលនិធិអាកាសធាតុបៃតង ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញពីរបៀបនៃការទទួលបានមូលនិធិ យន្តការ និងអភិក្រមក្នុងការទទួលស្គាល់ជាអង្គភាពមានសម្បទា។
• មូលនិធិអាកាសធាតុបៃតង GCF-2 មានថវិកាចំនួន១លានដុល្លារ សម្រាប់សកម្មភាពត្រៀម (Readiness) ក្នុងរយៈពេលពី ២០២៤-២០២៧។
• ធនាគារអភិវឌ្ឍន៍អាស៊ី មានគម្រោងបច្ចេកទេសថ្នាក់តំបន់ (Regional TA) សម្រាប់ការគាំទ្រដល់ប្រទេសក្នុងការរៀបចំ NDC 3.0 និងមូលនិធិជំរុញសកម្មភាពអាកាសធាតុ (Climate Action Catalyst Fund)។
• នៅខែកុម្ភៈឆ្នាំ២០២៥នឹងមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមូលនិធិអាកាសធាតុបៃតងលើកទី៤២ (B42) ដែលកិច្ចប្រជុំនេះនឹងសម្រេចទៅលើគម្រោងស្នើមូលនិធិពីប្រទេស និងថ្នាក់តំបន់។
• GGGIនឹងគ្រោងធ្វើសិក្ខាសាលាពិគ្រោះយោបល់លើគម្រោងត្រៀមខ្លួនGCFសម្រាប់ការស្នើរបស់អាស៊ានស្ដីពីការគ្រប់គ្រងទឹកប្រកបដោយភាពធន់ និងហេដ្ឋារចនាសម្ព័ន្ធនៅដើមឆ្នាំ២០២៥ ៕