ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឱ្យធ្វើការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងចំពោះបុគ្គលចូលមកទន្រ្ទានរុករានដៃព្រៃរបស់រដ្ឋ និងផ្ដាំទៅមន្រ្ដីរាជការ និងកងកម្លាំប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់កុំពាក់ព័ន្ធចំពោះករណីនេះ បើមិនដូច្នេះទេនឹងឈានដល់ការបញ្ចប់តួនាទី ឬក្របខណ្ឌពីមន្រ្ដីរាជការតែម្ដង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យរក្សាចំណុចផ្លូវឡើងភ្នំ១៥០០ ឬ ផ្លូវអន្ទង់អាំង ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយពិនិត្យឡើងវិញ និងធ្វើការថែរក្សាឱ្យបានល្អសម្រាប់អត្ថប្រយោជន៍រយៈពេលវែង។
សម្ដេចសម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យពិនិត្យឡើងវិញ និងកែសម្រួលការអភិវឌ្ឍ តំបន់នេះដើម្បីអភិរក្សជាតំបន់ទេសចរណ៍ធម្មជាតិសម្រាប់ប្រជាពលរដ្ឋពីបច្ចុប្បន្នរហូតតទៅជំនាន់ក្រោយទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យក្រុមការងារអន្តរក្រសួង ត្រូវចុះពិនិត្យ និងចុះដោះស្រាយនៅតំបន់នេះ ដើម្បីថែរក្សា តំបន់ផ្លូវឡើងភ្នំ១៥០០ ឬ ផ្លូវអន្ទង់អាំងនេះជាតំបន់ទេសចរណ៍ធម្មជាតិ ៕