ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង»ចាប់ពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន សម្រាប់ការដាក់តាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។ នេះបើតាមការគូសបញ្ជាក់របស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។លោក អ៊ាង សុផល្លែត បានលើកឡើងថា ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកូនឈើនេះ គឺឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំ ៣ សំខាន់គឺស្អាត បៃតង និងចីរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា។
លោក អ៊ាង សុផល្លែត ក៏បានបញ្ជាក់ថា «ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ បានបណ្តុះកូនឈើគ្រប់ប្រភេទត្រៀមចែកជូនប្រជាពលរដ្ឋយកទៅដាំបានចំនួនជាង ១ លានដើមរួចហើយ និងកូនត្នោតជាង ៣០ ម៉ឺនដើមបន្ថែមទៀត សម្រាប់យុទ្ធនាការបៃតងកម្ពុជា ដែលកំណត់យកការដាំកូនឈើយ៉ាងតិច ១ លានដើម ចាប់ពីឆ្នាំ២០២៤»។បន្ថែមជាមួយគ្នានេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញលើការដាំស្តារព្រៃឈើក្នុងតំបន់រេចរិល នៃតំបន់ការពារធម្មជាតិ និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សទាំងអស់ ឱ្យបន្តខិតខំអនុវត្ត ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត នូវរាល់តួនាទីភារកិច្ចរបស់ខ្លួន ការទទួលខុសត្រូវ និងភាពច្នៃប្រឌិត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ៕