នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ តំណាងក្រសួងបរិស្ថានចូលរួមពិធីដាំកូនឈើក្នុងនៅវត្តព្រះបាស្រី ហៅវត្តអង្គភាជន៍ ស្ថិតនៅភូមិដូង ឃុំព្រៃញាតិ ស្រុកគងពិសី កំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ហែម ប្រសើរ ប្រធានសម្ព័នបណ្តុំសមាគមអង្គការសង្គមសុីវិល មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ អាជ្ញាធរមូលដ្ឋាន និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកា-សមាជិកា នៃសម្ព័នបណ្តុំសមាគមអង្គការសង្គមស៊ីវិលជាច្រើននាក់ផងដែរ។
ឯកឧត្តម បានថ្លែងជំរុញបន្តធ្វើការផ្សព្វផ្សាយការចូលរួមទាំងអស់គ្នា អនុវត្ត «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន » ដែលមានសរសរស្តម ៣សំខាន់ គឺ ស្អាត បៃតង និងចីរភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា គឺ«ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។
ឯកឧត្តមបានបញ្ជាក់ការបំផុសស្មារតីរបស់សាធារណជនពិសេសស្រទាប់យុវជនឲ្យស្រឡាញ់បរិស្ថាន ភពផែនដី ភាពស្អាត ស្រស់បំព្រងសម្រាប់ការរស់នៅ ក៏ដូចជាចូលរួមដាំដើមឈើឲ្យបានច្រើននិងចូលរួមការពារធនធានធម្មជាតិទាំងអស់គ្នា។ ឯកឧត្តមគណៈអធិបតី បានប្រគល់កូនឈើជូនសម្ព័នបណ្តុំសមាគមអង្គការសង្គមសុីវិលចំនួន ៤០០ដើម តាមរយៈមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ព្រមទាំងចូលរួមដាំបាន កូនឈើចំនួន២០០ដើម ជាមួយអ្នកចូលរួមផងដែរនៅថ្ងៃនេះ ៕