នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បានដឹកនាំសហការី នៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ រួមមាន លោក សែម សាវុធ អនុប្រធានការិយាល័យគ្រប់គ្រងព័ត៌មានការប្រែប្រួលអាកាសធាតុ និងលោក ស្រ៊ុន ប៊ុនម៉ា និងកញ្ញា ឌីន ភារុណ មន្ត្រីការិយាល័យវាយតម្លៃភាពងាយរងគ្រោះ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ចូលរួមក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្តីពីគម្រោងការប្រែប្រួលអាកាសធាតុសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលអាស៊ានសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ (Asian Disaster Reduction Center-ADRC) ក្រោមការអនុវត្តកម្មវិធី SENTAN និងមានការអញ្ជើញចូលរួមពីអ្នកស្រាវជ្រាវ មកពីគ្រឹះស្ថានអប់រំ និងស្រាវជ្រាវ នៃប្រទេសជប៉ុន និងកម្ពុជា។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖ ១)បង្ហាញអំពីក្របខ័ណ្ឌ នៃព័ត៌មានអាកាសធាតុដែលពាក់ព័ន្ធនឹងហានិភ័យដើម្បីអនុវត្តវិធានការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ២)ចែករំលែកកាលានុវត្តភាពការស្រាវជ្រាវ និងព្យាករណ៍អាកាសធាតុ ក្នុងការកែលម្អការស្រាវជ្រាវអំពីការប្រែប្រួលអាកាសធាតុ ជាមួយអ្នកស្រាវជ្រាវ និងអ្នកអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និង៣)ជំរុញកិច្ចសហប្រតិបត្តិការតាមរយៈការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យា។ នៅក្នុងសិក្ខាសាលានេះផងដែរ លោក សែម សាវុធ ក៏បានចូលរួមធ្វើបទបង្ហាញ និងចែករំលែកនូវកាលានុវត្តភាព បញ្ហាប្រឈម គំនិតផ្តួចផ្តើមការស្រាវជ្រាវអំពីការប្រែប្រួលអាកាសធាតុ និងទិសដៅការងារសំខាន់ៗឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ជូនដល់អង្គសិក្ខាសាលាផងដែរ។
តាមរយៈបទបង្ហាញរបស់សាស្ត្រាចារ្យ និងអ្នកជំនាញ អង្គសិក្ខាសាលាទទួលបានព័ត៌មានជាច្រើនអំពីកាលានុវត្តភាព និងសារៈសំខាន់នៃការសិក្សា ស្រាវជ្រាវអំពីព័ត៌មាន និងការព្យាករណ៍អាកាសធាតុ ដែលជាមូលដ្ឋានគ្រឹះសម្រាប់អ្នករៀបចំគោលនយោបាយ និងអ្នកស្រាវជ្រាវ ក្នុងការរៀបចំវិធានការបន្ស៊ាំ និងត្រៀមខ្លួនសម្រាប់ព្រឹត្តការណ៍អាកាសធាតុធ្ងន់ធ្ងរ ជាពិសេសការឆ្លើយតបទៅនឹងហានិភ័យគ្រោះមហន្តរាយអាកាសធាតុ ឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ សាស្ត្រាចារ្យ និងអ្នកជំនាញរបស់ជប៉ុន នឹងបន្តពង្រឹងកិច្ចសហការជាមួយកម្ពុជា ដើម្បីជំរុញការសិក្សាស្រាវជ្រាវផ្នែកព័ត៌មានអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយការប្រែប្រួលអាកាសធាតុ ផងដែរ ៕