កូនក្រពើភ្នំ ឬក្រពើត្រី ដែលជិតផុតពូជចំនួន ១៤ក្បាល បានញាស់ «ដោយជោគជ័យ» ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង។ នេះបើយោងតាមគម្រោង USAID មរតកបៃតង នាថ្ងៃទី២១ សីហា ២០២៤ ។
គម្រោងនេះបញ្ជាក់លើបណ្ដាញសង្គមថា៖ «ក្រុមការងាររបស់ Rising Phoenix ពីស្រុកសៀមប៉ាង មានព័ត៌មានដ៏រំភើបរីករាយសម្រាប់ចែករំលែកជាមួយអ្នកទាំងអស់គ្នា ដោយក្រពើភ្នំរបស់យើងញាស់កូនបាន ១៤ក្បាល ដោយជោគជ័យ ដែលនេះជាការសម្រេចបានលើកដំបូងបំផុត ចាប់តាំងពីពេលដែលយើងបានធ្វើការនាំយកប្រភេទសត្វជិតផុតពូជបំផុតនេះត្រឡប់ចូលទៅក្នុងតំបន់អភិរក្សក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង កាលពីខែឧសភា ឆ្នាំមុន»។
កូនក្រពើភ្នំទាំង ១៤ក្បាលនេះបានញាស់ចេញពីសំបុក១ ក្នុងចំណោមសំបុកចំនួន ៥ ចំណែកសំបុក ៤ទៀតផ្សេងទៀត មិនបានជោគជ័យនោះទេ។ នេះបើយោងតាមបណ្តាញសង្គមដដែល។
បើយោងតាមបណ្តាញសង្គមនេះ ក្រពើភ្នំគឺជាប្រភេទសត្វក្រពើទឹកសាប ដែលមានប្រភពកំណើតនៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី ថៃ និងវៀតណាម។ ក្រពើភ្នំត្រូវបានចុះជា «ប្រភេទសត្វជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងឆ្នាំ២០១២ ហើយបានបាត់វត្តមានពីជម្រកជាច្រើនដែលវាធ្លាប់រស់នៅ។
បណ្តាញសង្គមដដែលបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា ក្រពើភ្នំនេះត្រូវបានគេគិតថាផុតពូជបាត់ទៅហើយ ប៉ុន្តែក្រោយមក វាត្រូវបានគេប្រទះឃើញឡើងវិញនៅតាមជួរភ្នំក្រវាញក្នុងឆ្នាំ ២០០០ ។
ប្រភពដដែលបន្តថា ដែនជម្រកសត្វព្រៃសៀមប៉ាងក៏ជាអតីតជម្រករបស់សត្វក្រពើភ្នំនេះតាំងពីដើមមកដែរ ប៉ុន្តែដោយសារតែការបាត់បង់ជម្រក និងសកម្មភាពនេសាទដែលមិនមាននិរន្តរភាព បានធ្វើឱ្យចំនួនក្រពើភ្នំបានថយចុះយ៉ាងខ្លាំង ហើយការស្រាវជ្រាវថ្មីៗមិនបានរកឃើញភស្តុតាងណាមួយដែលបញ្ជាក់ពីវត្តមានរបស់ពួកវានៅតំបន់នេះបន្តទៀតនោះទេ។
ដើម្បីជួយទប់ស្កាត់ប្រភេទសត្វជិតផុតពូជបំផុតមួយនេះ គម្រោង USAID មរតកបៃតង និងដៃគូអភិរក្ស Rising Phoenix បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សមួយកាលពីឆ្នាំទៅ ដោយបាននាំយកសត្វក្រពើភ្នំចំនួន ២២ក្បាល ចូលទៅក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃសៀមប៉ាងឡើងវិញ។ នេះបើយោងតាមបណ្តាញសង្គមដដែល។
ប្រភពដដែលនេះបានឱ្យដឹងទៀតថា ពិធីលែងក្រពើភ្នំចូលក្នុងតំបន់អភិរក្សនេះ ត្រូវបានរៀបចំដោយសហការជាមួយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង រដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន សហគមន៍ ព្រះសង្ឃ គ្រូបង្រៀន និងសិស្សានុសិស្សជាច្រើននាក់។
បណ្តាញសង្គមនេះលើកឡើងទៀតថា៖ «ក្រពើភ្នំដែលត្រូវលែងទាំងអស់ត្រូវបានគេធ្វើតេស្តពន្ធុជាមុន ដើម្បីធ្វើឱ្យប្រាកដថា វាជាពូជក្រពើភ្នំសុទ្ធ ដែលខុសពីប្រភេទសត្វក្រពើដទៃ ពូជក្រពើភ្នំសុទ្ធមិនត្រូវបានគេរកឃើញថាមានភាពកាចសាហាវដាក់មនុស្សនោះទេ»៕