(កំពង់ឆ្នាំង)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញថ្លែងសុន្ទរកថា និងប្រកាសបើកដំណើការជាផ្លូវការសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន “នាគមាស-ឆាំ្ន២០២៣ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដែលសមយុទ្ធនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្រ្គោះមនុស្សធម៌ នៃកងទ័ពទាំងពីរកម្ពុជា-ចិន និងបាននឹងកំពុងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត្រឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីទំនាក់ទំនងក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ និងការបង្កើតចំណងការទូតកម្ពុជា-ចិន ក្នុងឆ្នាំ១៩៥៨, គឺ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជា-ចិន មានកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ រួមទាំងវិស័យយោធា។
ជាពិសេស ផ្តើមចេញពីទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសចិនក្នុងឆ្នាំ១៩៩៩ កម្ពុជាក៏ចាប់ផ្តើមទទួលបានជំនួយផ្នែកយោធាជាបន្តបន្ទាប់ រួមនឹងសកម្មភាពកិច្ចសហប្រតិបត្តិការជាច្រើនផ្សេងទៀត ដូចជា៖ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក, ការបណ្តុះបណ្តាលធនធានមនុស្ស, ការផ្តល់ជំនួយឧបត្ថម្ភជាសម្ភារ និងការអនុវត្តលំហាត់ហ្វឹកហ្វឺននាគមាស ដូចពេលនេះជាដើម។ នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែតបានចាត់ថា សមយុទ្ធនាគមាសរួមគ្នា លើកទី៥ នេះ គឺជាផ្នែកមួយនៃយន្តការអនុវត្តក្នុងក្របខ័ណ្ឌនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ដែលត្រូវបានឯកភាពគ្នារវាង សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ក្នុងជំនួបនៅរដ្ឋធានីប៉េកាំងកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ហើយក៏ស្របពេលដែលឆ្នាំ២០២៣នេះ ត្រូវបានកំណត់ជាឆ្នាំមិត្តភាពកម្ពុជា-ចិន ដោយក្នុងនេះប្រទេសទាំងពីរក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវដំណើរការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន សំដៅថែរក្សាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។
តាមរយៈខ្លឹមសារនៃប្រធានបទធ្វើសមយុទ្ធនាគមាសលើកទី៥ ក្នុងឆ្នាំនេះនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ពិតជាឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចចំពោះមុខរបស់កងទ័ពនៃប្រទេសទាំងពីរ ដោយក្នុងនេះយើងរំពឹងនឹងទទួលបាននូវបទពិសោធន៍ជាក់ស្ដែង លើការងារមួយចំនួន ដូចជា៖ ការផ្លាស់ប្ដូរបទពិសោធន៍លើប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងប្រតិបត្តិការជួយសង្គ្រោះមនុស្សធម៌ក្នុងគ្រោះមហន្តរាយផ្សេងៗ (ខណៈដែលកម្ពុជានឹងត្រូវរៀបចំព្រឹត្តិការណ៍កីឡា SEA Games និង ASEAN Para Games 2023 ក្នុងខែឧសភា និងមិថុនា ឆ្នាំ២០២៣ ខាងមុខ) ការលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស, ប្រជាជន និងកងទ័ព ទាំងពីរ តាមរយៈការបង្កើនទំនុកចិត្ត, ការប្រាស្រ័យទាក់ទងរាប់អានគ្នារវាងយោធិនជាលក្ខណៈបុគ្គល និងការស្វែងយល់អំពីវប្បធម៌គ្នាទៅវិញទៅមក និងការលេងកីឡាជាមួយគ្នា។
នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានបង្ហាញជំនឿយ៉ាងមុខមាំថា កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ជិតស្និទ្ធរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ជាពិសេសតាមរយៈសកម្មភាព “សមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នាគមាស- ឆ្នាំ២០២៣ នឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការគាំទ្រដល់ដំណើការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ ហើយសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ ក៏អាចជាគន្លឹះមួយដ៏មានប្រសិទ្ធភាព ដែលរួមចំណែកជាមួយនឹងយន្តការពហុភាគីជាលក្ខណៈតំបន់ដែលមានស្រាប់ ដើម្បីបន្តគាំទ្រដល់សកម្មភាពនានាដែលនាំទៅដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
ហើយដើម្បីជួយដំណើរការសមយុទ្ធនាគមាសឆ្នាំ២០២៣ នេះប្រព្រឹត្តទៅដោយជោគជ័យ និងសុខ សុវត្ថិភាពខ្ពស់ទាំងមនុស្ស និងសម្ភារគ្រឿងបំពាក់នោះ នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានផ្តល់ជូននូវអនុសាសន៍សំខាន់ៗ ៥ចំណុចរួមមាន៖
១- ត្រូវយកចិត្តទុកដាក់ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីអនុវត្តគ្រប់វិញ្ញាសារនៃលំហាត់ យុទ្ធវិធីប្រតិបត្តិការឱ្យបានជោគជ័យ ស្របតាមប្រធានបទ និងខ្លឹមសារនៃសមយុទ្ធ
២- ត្រូវពង្រឹងស្មារតីជាក្រុម ដែលជាមូលដ្ឋានគ្រឹះចាំបាច់បំផុតសម្រាប់ជោគជ័យរបស់អង្គភាព និងជោគជ័យន រាល់បេសសកម្មនីមួយៗ (ពិតណាស់ ស្មារតីជាក្រុម កើតឡើងដោយសារគុណតម្លៃ និងប្រពណ៌របស់កងទ័ព ដែលរូបមានជាអាទិ៍៖ ភាពស្មោះត្រង់, ភាពក្លាហាន, វិន័យ, ការគារពគ្នា, សីលធម៌, ភាពបត់បែន និងការរត់ធ្មត់)
៣- ត្រូវលើកកម្ពស់ស្មារតីមិត្តភាព សាមគ្គីភាព តាមរយៈការស្វែងយល់អំពីវប្បធម៌គ្នាទៅវិញទៅមក និងការ លេងកីឡាជាមួយគ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងយោធិនជាលក្ខណៈបុគ្គល ដែលអាចចូលរួមចំណែក យ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ
៤- ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការណែនាំផ្សេងៗរបស់គណៈកម្មការ ដឹកនាំសមយុទ្ធ សំដៅធានាបាននូវសុខសុវត្ថិភាពខ្ពស់ទាំងមនុស្ស និងសម្ភារគ្រឿងបំពាក់
៥- សូមរំឭកផងដែរដល់គណៈកម្មការ ព្រមទាំងអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការប្រុងប្រយ័ត្ន និងផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីចៀសវាងកុំឱ្យមានគ្រោះថ្នាក់ និងការភ័យខ្លាច ដែលបណ្ដាលមកពីការអនុវត្តសមយុទ្ធនេះ។
បើតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹត្យវិទ្យា ប្រធានក្រុមការងារដឹកនាំសមយុទ្ធ បានបញ្ជាក់ថា សមយុទ្ធនាគមាស ២០២៣. រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន រៀបចំខ្លឹមសារសមយុទ្ធជាកម្លាំងទ័ពពិតធ្វើការចល័តតាមទីតាំង ផ្សារភ្ជាប់នឹងស្ថានភាពជាក់ស្តែង និង បែងចែកតាមដំណាក់កាលនីមួយៗ ដោយមានជាបួនដំណាក់កាល៖ ការចល័តចូលគ្រប់គ្រងតំបន់ទាំងមូល ការឆ្លើយតបសភាពការណ៍អាសន្ន ការរុករកនិងបោសសម្អាត និងការបញ្ជាកម្លាំងចូល ប្រតិបត្តិការ។ ចំណុចសំខាន់គឺប្រតិបត្តិការចល័ត ការយាមកាមនិងគ្រប់គ្រងបិទខ្ទប់តំបន់ ការស៊ើបការណ៍និងអង្កេតពីគ្រប់ផ្នែក ការការពារឥស្សរជន ការរំដោះចំណាប់ខ្មាំង ការរក្សាសណ្ដាប់ធ្នាប់នៅទី តាំង ការបោសសម្អាតមីន ការធ្វើតេស្តជីវសាស្ត្រ ការដោះស្រាយបញ្ហាជំងឺឆ្លង ការតាមបោសសម្អាតលើ គោក និងការរៀបរយសណ្តាប់ធ្នាប់ឡើងវិញដែលសរុបមាន១១យុទ្ធវិធីប្រតិបត្តិការ។ សមយុទ្ធនេះ ប្រើប្រាស់កម្លាំងភាគីចិន២៥៧នាក់ និងមាន យន្តយុទ្ធកង់កៅស៊ូ៤៣គ្រឿង អាវុធនិងកាំភ្លើងគ្រប់ប្រភេទ ១៨៣ដើម បរិក្ខារស៊ើបការណ៍ ៣៧ឈុត សម្ភារបោសសម្អាតមីន ៣៥ឈុត បរិក្ខារការពារ ជំងឺឆ្លងនិងគីមីសាស្ត្រ ២០ឈុត បរិក្ខារបញ្ជូនសារ ៥៨ឈុត នាវាចម្បាំងពហុមុខងារType- 071 ០១គ្រឿង សម្រាប់ដឹកជញ្ជូនសម្ភារៈ ខណៈភាគីកម្ពុជា មានកម្លាំងចូលរួម ២៨៣១នាក់ បរិក្ខាដឹកជញ្ជូន៣៤ គ្រឿង អាវុធនិងកាំភ្លើងគ្រប់ប្រភេទ ៧០០ដើម រថយន្តនិងបរិក្ខាគីមីសាស្ត្រ ៥១ឈុត សម្ភារៈបោសសំអាតមីន ៣០ឈុត ឧបករណ៍ប្រើប្រាស់ការពារបាតុករ ២៧២ គ្រឿង នាវា០២ គ្រឿង រួមនឹងឧទ្ធម្ភាគចក្រ ៤ គ្រឿង នឹងត្រូវប្រើសម្រាប់ពេលបិទសមយុទ្ធ៕