នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្តាល ដឹកនាំដោយ លោក អាន តូរ៉ា ប្រធានការិយាល័យគាំពារបរិស្ថាន រួមដំណើរលោក ឡុញ ចិន អនុប្រធានការិយាល័យគាំពារបរិស្ថាន លោក ម៉ម សុវណ្ណវិនីច្ឆ័យ អនុប្រធានការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន បានចុះពិនិត្យទីតាំងរោងចក្រផលិតម៉្សៅការពារច្រេះ ម៉្សៅបៀក និងថ្នាំពណ៌គ្រប់ប្រភេទ DOPONT CHEMICAL INTERNALTIONAL NEW MATERIAL CO.,LTD ដែលមានទីតាំងស្ថិតនៅភូមិបាង ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មាននិយាមកា X:471639Y:1264668 ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
-រោងចក្រខាងលើបើកដំណើរការដោយមានការអនុញ្ញាតពីអនុគណៈកម្មាធិកាវិនិយោគខេត្តក្នុងខែ ឧសភា ឆ្នាំ២០២៤
-បច្ចុប្បន្នពុំទាន់មានឯកសារច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាននៅឡើយ
-បច្ចុប្បន្នរោងចក្រខាងលើកំពុងផលិតថ្នាំលាងច្រេះប៉ុន្នោះ ដោយពុំមានផលិតថ្នាំបៀក និងថ្នាំពណ៌ទេ
-លទ្ធផលសម្រេចផលិតបាន ៣.០០០តោនក្នុងមួយឆ្នាំ
-មានកម្មករ ០២ នាក់ បុគ្គលិករដ្ឋបាល ០១ បរទេស ០៣នាក់
សម្រាប់ការវាយតម្លៃ យោងតាមប័ណ្ណប៉ាតង់ និងវិញ្ញាបនបត្រចេញពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រោងចក្រនេះជាប្រភេទរោងចក្រដែលនៅក្នុងចំណាត់ថ្នាក់ត្រូវធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ប៉ុន្តែតាមការពិនិត្យជាក់ស្តែង រោងចក្រខាងលើគឺផលិតតែថ្នាំលាងសម្អាតច្រេះតែប៉ុន្នោះ ដោយពុំមានផលិតថ្នាំបៀក និងថ្នាំពណ៌ទេ។
ក្រុមការងារបានណែនាំម្ចាស់រោងចក្រ ឲ្យរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៅពេលដែលរោងចក្រពង្រីកខ្សែផលិតកម្ម ផលិតថ្នាំពណ៌ ឬថ្នាំបៀក ។
ភាគីគ្រប់គ្រងរោងចក្រ បានឯកភាពតាមមតិណែនាំរបស់ក្រុមការងារ និងធានារៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ដាក់ជូនមន្ទីរបរិស្ថានខេត្តកណ្តាលពិនិត្យ និងផ្តល់យោបល់ នៅពេលដែលរោងចក្រពង្រីកខ្សែចង្វាក់ផលិតកម្ម ផលិតម៉្សៅបៀក ឬថ្នាំពណ៌ ហើយជាក់ស្តែងបច្ចុប្បន្នរោងចក្រគ្រាន់តែយកវត្ថុធាតុដើមមកលាយដើម្បីចេញជាផលិតផលសម្រេច ៕