ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជាចូលរួមសិក្ខាសាលាថ្នាក់តំបន់ និងកិច្ចពិភាក្សា ស្តីពី «ការកៀរគរវិនិយោគសម្រាប់ប្រព័ន្ធកសិចំណីអាហារដែលធន់ និងការបញ្ចេញកាបូនតិចក្នុងតំបន់អាស៊ីតាមរយៈទីផ្សារកាបូន» ដែលប្រព្រឹត្តទៅនៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត។
សិក្ខាសាលាថ្នាក់តំបន់នេះ មានគោលបំណងផ្តល់សិទ្ធិអំណាចដល់អ្នកចូលរួមដែលជាភាគីពាក់ព័ន្ធនៅក្នុងទីផ្សារកាបូន ដោយបង្ហាញពីវិធីសាស្រ្តជាក់លាក់របស់ប្រទេសសម្រាប់ការអភិវឌ្ឍមាត្រា៦ អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (Article 6 of the UNFCCC Paris Agreement) និងឱកាសទីផ្សារកាបូនស្ម័គ្រចិត្ត (VCM) ដើម្បីដោះស្រាយហិរញ្ញវត្ថុកាបូនសម្រាប់ប្រព័ន្ធកសិកម្ម បង្ហាញពីវឌ្ឍនភាព និងគម្លាតនៅក្នុងការត្រៀមលក្ខណៈទីផ្សារកាបូន និងផ្តល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជម្រុញយ៉ាងស៊ីជម្រៅលើប្រធានបទសំខាន់ៗដែលពាក់ព័ន្ធសម្រាប់អ្នកពាក់ព័ន្ធនៅក្នុងប្រព័ន្ធកសិកម្ម។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលាថ្នាក់តំបន់នេះរៀបចំឡើងដោយអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) សហការជាមួយវិទ្យាស្ថានសម្រាប់យុទ្ធសាស្ត្របរិស្ថានសកល (IGES) ៕