នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កែវ សុភក៌ អគារធិការ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានគាំពារបរិស្ថាន ជួបប្រជុំពិភាក្សាជាមួយតំណាងមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ អាជ្ញាធរឃុំ/ស្រុក មេមត់ និងកងកម្លាំងប្រដាប់អាវុធសរុបប្រមាណ ២០នាក់ នៅសាលាឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើករណីបំពុលបរិស្ថានពីរអាជីវកម្មទិញជ័រ ចំនួន៤ ដូចមានបញ្ជាក់ក្នុងលិខិតលេខ០៩៦/២៤.មម ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលស្រុកមេមត់។ កិច្ចប្រជុំសម្រេចបានលទ្ធផលដូចខាងក្រោម៖
– ប្រធានអង្គប្រជុំបានស្នើឱ្យអាជ្ញាធរឃុំ និងស្រុកមេមត់ រាយការណ៍អំពីរសាវតារនៃដំណើរការអាជីវកម្ម និងស្ថានភាពបំពុលដែលកើតមានកន្លងមក
– មន្ទីរបរិស្ថានបានសហការជាមួយអាជ្ញាធរឃុំ និងស្រុកចុះដោះស្រាយករណីបំពុលបរិស្ថាន ដោយអាជីវកម្មជ័រកៅស៊ូ ម្តងរួចមកហើយ ដោយបានដាក់ចេញវិធានការកែប្រែ ដោយកំណត់កាលបរិច្ឆេទកែប្រែត្រឹមថ្ងៃទី២៣ ខែកញ្ញា ២០២៤។
– អាជីវកម្មទាំងនោះមិនទាន់មានច្បាប់អនុញ្ញាតពីអាជ្ញាធរ ឬ អង្គភាពពាក់ព័ន្ធនៅឡើយ
– អាជ្ញាធរឃុំ និងស្រុកមានការព្រួយបារម្ភចំពោះផលប៉ះពាល់ពីអាជីវកម្មទិញជ័រកៅស៊ូ ដល់សុខភាពប្រជាពលរដ្ឋជុំវិញ (ឃុំមេមត់ និងឃុំទ្រៀក) ហើយប្រជាពលរដ្ឋមានការត្អូញត្អែរអំពីបញ្ហាក្លិនស្អុយពីទីតាំអាជីវកម្មនីមួយៗ ដែលឈានទៅដល់ការអស់ជំនឿលើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះ
– ក្រោយកិចប្រជុំពិភាក្សា ឯកឧត្តមប្រធានអង្គប្រជុំ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងបំពុលជាក់ស្តែង ដើម្បីពិនិត្យស្ថានភាព និងស្វែងយល់វិសាលភាពបំពុល
– ក្រុមការងារ នឹងបន្តការចុះសិក្សាលម្អិតជាមួយម្ចាស់ទីតាំងនីមួយៗនៅថ្ងៃស្អែក និងត្រៀមដាក់រថយន្តវិភាគគុណភាពខ្យល់ និងឧបករណ៍វិភាគគុណភាពខ្យល់នៅទីតាំងមួយចំនួនដើម្បីពិនិត្យគុណភាពខ្យល់ជុំវិញទីតាំងបំពុល
– ឯកឧត្តមប្រធានក្រុមការងារបានណែនាំឱ្យក្រុមការងារសិក្សាឱ្យបានលម្អិតតាមលក្ខណៈបច្ចេកទេស ដើម្បីដាក់វិធានការបានសមស្រប។