ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានចេញសារគាំទ្រ និងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ីនាចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ។
លោក សុត លី ពលរដ្ឋខ្មែររស់នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានលើកឡើងថា៖«ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ដែលបានទទួលដំណឹងថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើដំណើរមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។ ខ្ញុំបាទសូមគាំទ្រ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេច និងគណៈប្រតិភូ សូមទទួលបានជោគជ័យចំពោះដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសម៉ាឡេស៊ីនេះ»។
លោក ញ៉ា សុម៉ាអែល ពលរដ្ឋខ្មែររស់នៅម៉ាឡេស៊ី ក៏បានគាំទ្រ និងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមកកាន់ប្រទេសម៉ាឡេស៊ី។ លោកជូនពរសម្តេច និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ទទួលបានជោគជ័យលើដំណើរមកកាន់ប្រទេសម៉ាឡេស៊ីនេះ ដើម្បីជាគុណប្រយោជន៍ទៅដល់ជាតិមាតុភូមិកម្ពុជា៕