មន្រ្ដីឧទ្យានុរក្សស្នាក់ការចុងឃ្នៀសចំនួន២នាក់ បានចូលរួមសហការជាមួយរដ្ឋបាលក្រុងសៀមរាប ផ្នែករដ្ឋបាលជលផលចុងឃ្នៀស រដ្ឋបាលសង្កាត់ស្វាយដង្គំ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដង្គំ មេភូមិកន្រ្តក់ និងប្រជាការពារសរុប១៩នាក់ ក្រោមការដឹកនាំដោយលោក ហាយ យង់ អភិបាលរងនៃគណៈអភិបាលក្រុងសៀមរាប បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចអូរកំប្រុកUTM369 361-1466793 ស្ថិតនៅក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានប្រទះឃើញត្រាក់ទ័រចំនួន១គ្រឿង កំពុងធ្វើសកម្មភាពជីកប្រឡាយ រណ្តៅ ឬទ្រង់ទ្រាយធំ ប្រឡាយប្រវែង១២៦,៥៣ម៉ែត្រ ទទឹង១,៥០ម៉ែត្រ ជម្រៅ០,៥០ម៉ែត្រ ដែលអាចបង្កមហន្តរាយដល់ធនធានជលផលដោយគ្មានការសិក្សាវាយតម្លៃពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ។
បន្ទាប់មកក្រុមការងារបានឃាត់ចាប់ត្រាក់ទ័រ យកមករក្សាទុកជាបណ្តោះអាសន្នសិន នៅរដ្ឋបាលសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ស្តីពីជលផល ៕