ការស្ម័គ្រចិត្តប្រគល់ដីដែលបានកាប់ទន្ទ្រាន យកធ្វើកម្មសិទ្ធិ គឺជាការចូលរួមចំណែករបស់ប្រជាសហគមន៍ ក្នុងការការពារតំបន់ធនធានធម្មជាតិ ។ នេះជាគំរូដល់ប្រជាពលរដ្ឋដទៃទៀត ដែលបានរំលោភយកដីព្រៃរបស់រដ្ឋ ត្រូវមានឆន្ទៈស្រឡាញ់ធនធានធម្មជាតិ ពីព្រោះ អ្វីដែលប្រព្រឹត្តខុសច្បាប់ គឺមិនលើកលែងឡើយ ។
ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោក សាន ភារិទ្ធ អនុប្រធានការិយាល័យ ដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការព្រៃវែង ស្នាក់ការអន្ទឹល និងស្នាក់ការថ្នាលបណ្ដុះកូនឈើ ចំនួន ១១នាក់ សហការជាមួយកម្លាំងយោធា ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុក អង្គារិទ្ធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ២១នាក់ បានចុះទៅពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋ ឈ្មោះ វៀង វុន យល់ព្រមធ្វើកិច្ចសន្យាប្រគល់ដីដែលបានរុករានជូនរដ្ឋវិញ និងស្ម័គ្រចិត្តរុះរើផ្ទះចំនួន ០១ខ្នង ដោយខ្លួនឯង នៅចំណុចត្រពាំងអណ្ដើកហែប ស្ថិតនៅក្នុងភូមិសាស្រ្ដភូមិព្រៃវែង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ៕