ដោយសារតែនៅមានជនអគតិមួយចំនួន ដែលគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន សុខចិត្តលើកដៃបំផ្លាញសត្វព្រៃ ដោយវិធីដាក់អន្ទាក់ ឬបរបាញ់ ដែលកាន់តែធ្វើឲ្យសត្វព្រៃរបស់ខ្មែរហិចហោចទៅៗ និងជិតផុតពូជ ។ ដូច្នេះអ្វីដែលសំខាន់ យើងត្រូវអប់រំសហគមន៍ពលរដ្ឋ ឲ្យចេះស្រឡាញ់សត្វព្រៃ និងលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដ៏តិចតួច ហើយងាកមកថែរក្សាធនធានធម្មជាតិ ដើម្បីជាសម្បត្តិធម្មជាតិទុកកូនចៅជំនាន់ក្រោយ ។
ជាក់ស្តែងនៅថ្ងៃទី ២០ មិថុនា ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតកោះប៉ោ កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០២៨០៣៤៤-១២៨១៦៣៧) បានធ្វើការដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ០៥ខ្សែ ដែលជារប់អញ្ញតជន និងបានទទួលសត្វពស់ថ្លាន់ចំនួន ០១ ក្បាល មានទម្ងន់ ០៧ គីឡូក្រាម ពីយោធិនប្រចាំការនៅតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ដើម្បីយកទៅធ្វើការដោះលែងក្នុងព្រៃការពារអោយមានសេរីភាពវិញ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ។
ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតកោះប៉ោ ៕