(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា អ្នកណាក៏ដោយ បើចង់ជួយស្រុកអូររាំងឪពិតប្រាកដ សូមចូលរួមកសាងសមិទ្ធផលជាក់ស្តែង ដើម្បីជាប្រយោជន៍រួមសម្រាប់ស្រុកយើង កុំបានតែសន្យា។
ការលើកឡើងបែបនេះ របស់លោក អ៊ាង សុផល្លែត បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមីនា និងលើកទិសដៅការងារបន្ត នៅស្នាក់ការគណបក្សស្រុកអូររាំងឪ នៅ ទី ២៩ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក លោកស្រី ប្រធាន និងអនុប្រធាន គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៧ នៃស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ គណៈកម្មាធិការគណបក្សស្រុក ប្រធានសាខាបក្សភូមិ ប្រធាន និងអនុប្រធាន គ.២៧៨។
នាឱកាសនោះដែរ លោកបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំ និងក្រុមការងារយើងថ្មីៗនេះ សម្រេចបាននូវសមិទ្ធផលធំៗជាច្រើនរួួមមាន៖
១៖ នយុទ្ធនាការផ្លូវស្អាតជាង ៧៤គីឡូម៉ែត្រ នៅទូទាំងឃុំទាំង៧
២៖ អំពូលសូឡា ជិត ២០០០អំពូល បំពាក់នៅឃុំទាំង៧ សាលាឃុំ ផ្លូវសាធារណៈ និងតាមមណ្ឌលសុខភាព
៣៖ ផ្តល់ជូននៅអណ្តូងស្នប់ទឹកស្អាតគ្រប់ឃុំ។
លោក អ៊ាង សុផល្លែត បានបន្តថា សូមក្រុមការងារទាំងអស់មេត្តាពិនិត្យលទ្ធភាពប្រើប្រាស់នៅប្រពន្ធ័បច្ចេកវិទ្យាស្មាតហ្វូន ដើម្បីទាញនូវប្រយោជន៍ជូនប្រជាជននៅស្រុកសម្រាប់ផ្សព្វផ្សាយនូវសមិទ្ធផល និងផលិតផលស្រុកអូររាំងឪយើង។
លោក អ៊ាង សុផល្លែត បានអំពាវនាវសូមក្រុមការងារទាំងអស់បន្តចុះសាកសួរសុខទុក្ខ ឆ្លើយតប និងដោះស្រាយតម្រូវការជាអាទិភាព ជូនប្រជាជនបន្តទៀត ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដូចដែលធ្លាប់ធ្វើកន្លងមក ជាពិសេសសូមកុំជឿការឃោសនាជាអសកុសករបស់ក្រុមបុគ្គលដែលមិនដែលជោគជ័យ ឭមិនបានធ្វើអីសោះ និងមិនមានសច្ចធម៌ក្នុងខ្លួន៕