(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចូលរួមក្នុងពិធីបុណ្យឆ្លងមហាកុដិមានទំហំ ១១ម៉ែត្រ គុណ១៩ម៉ែត្រ រូបដំរីចំនួន ០១គូ និងជួសជុលសាលាឆាន់ រួមនឹងសមិទ្ធផលដទៃទៀតក្នុងបរិវេណវត្តសុវណ្ណមាលី ហៅវត្តទន្លេបិទដែលមានផ្ទៃក្រឡាជាង ១០ម៉ឺនម៉ែត្រការ៉េ (១៤២.៩៣៥ម៉ែត្រការ៉េ) ស្ថិតនៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ និងមានចម្ងាយប្រមាណ ៤១គីឡូម៉ែត្រ ពីទីរួមខេត្តត្បូងឃ្មុំ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោកយាយលោកតា និងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ រួមនិងថវិកាសម្រាប់កសាងវត្ត ទុកជាកេរដំណែលមនុស្សជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ជាមួយគ្នានេះ ភាពស្អាត ភាពបៃតង និងចីរភាព ជាយុទ្ធសាស្រ្តគន្លឹះដែលក្រសួងបរិស្ថាន បានដាក់ចេញ ក៏ជាកិត្តយសមួយដែរសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជា ពីព្រោះថា ភាពស្អាតនឹងសាយភាយទៅកាន់ពិភពលោក ហើយជនបរទេសនៅលើពិភពលោកនឹងមកលេងកម្ពុជា ដោយម្យ៉ាងយើងមានអង្គរវត្ត ហើយម្យ៉ាងទៀតប្រទេសយើងស្អាត មានសម្រស់ធម្មជាតិបៃតងល្អ តាមរយៈគោលដៅលំហែបៃតង ដែលជាតំបន់អេកូទេសចរណ៍ធម្មជាតិនៅតាមសហគមន៍មូលដ្ឋាននៅទូទាំងប្រទេស។
លោកណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ក្រោមម្លប់នៃសុខសន្តិភាពជាង៤០ឆ្នាំ និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យឥតឈប់ឈរ ក្រោមអគ្គមគ្គុទេសក៍ដ៏ឆ្នើមពេញដោយឋាមពលរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បាននាំមកនូវភាពសុខដុមរមនានៃសាសនា ដើម្បីរក្សាសុខសន្តិភាព និងជំរុញកំណើនសេដ្ឋកិច្ច ឱ្យមានការអភិវឌ្ឍឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕