ថ្ងៃទី ២៩ មេសា ឆ្នាំ ២០២៤ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សហការជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងមន្ទ្រីជំនាញពាក់ព័ន្ធក្នុងខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការជាបន្ទាន់មួយ ដើម្បីបង្ក្រាបបទល្មើសការកាប់ទទ្ទ្រានដីព្រៃរបស់រដ្ឋយកទៅធ្វើអាជីវកម្ម ទិញ លក់ យ៉ាងអនាធិបតេយ្យ នៅក្នុងតំបន់ព្រៃក្រឡាពស់ និងតំបន់មួយចំនួនទៀត ដែលស្ថិតក្នុងភូមិសាស្ត្រទឹកដីនៃស្រុកសេសាន និងស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងការដឹកនាំបង្ក្រាបបទល្មើសព្រៃឈើនេះ ក្រុមការងារទទួលបានលទ្ធផលយ៉ាងជោគជ័យ ដោយធ្វើការរំដោះបានដីព្រៃចំនួនជាង ៧.០០០ ហិកតា ដែលរងការកាប់ទន្ទ្រាន និងបានចាប់ខ្លួនមេខ្លោងដែលជាមេខ្យល់ដើរកៀរគរ បោកបញ្ឆោត បងប្អូនប្រជាពលរដ្ឋឲ្យចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ ដោយសន្យាថា នឹងលក់ដីទាំងនេះឲ្យក្នុងតម្លៃថោកៗដែលជាសុទ្ធជាដីមានប្លង់ត្រឹមត្រូវ និងដីខ្លះកំពុងរត់ប្លង់ដើម្បីឲ្យបានស្របច្បាប់ ។
ឯកឧត្តមបណ្ឌិតសង្កត់ធ្ងន់ថា នេះគឺជាកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យវិនាសកម្មបាត់បង់ព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ ។ បើពុំមានការទប់ស្កាត់ទាន់ពេលវេលាទេនោះ ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ទាំងនេះ អាចឈានដល់ការខូចខាតច្រើនជាងនេះ រហូតបាត់បង់ព្រៃឈើជាង ១២.០០០ហិកតាឯណោះ។
ឆ្លើយតបចំពោះសំនួរអ្នកសារព័ត៌មាន ដែលថា មានប្រភពខ្លះបាននិយាយថា ជុំវិញការចាប់ខ្លួនមេខ្លោងបទល្មើសព្រៃឈើនៅពេលនេះ នឹងមានកិច្ចអន្តរាគមន៍ឲ្យដោះលែងវិញក្នុងឆាប់ៗ តើពិតមែនទេ? ត្រង់ចំណុចនេះ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានឆ្លើតបថា នេះគ្រាន់ជាពាក្យចរចាមអារ៉ាមប៉ុណ្ណោះ ។តែទោះយ៉ាងណាលោកណ្ឌិតឆ្លើយថា
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន និយាយថា យើងរង់ចាំមើលទាំងអស់គ្នា តើមាននរណាហ៊ានចេញមុខអន្តរាគមន៍ឲ្យដោះលែងជនសង្ស័យជាមេខ្លោងកាប់បំផ្លាញ់ព្រៃឈើទាំងនេះឲ្យនៅក្រៅសំណាញ់ច្បាប់? មិនថាឡើយតែមេខ្លោងទាំង១០រូបដែលចាប់ខ្លួនបាននោះទេ សូម្បីតែអ្នកកំពុងរត់គេចខ្លួន ក៏សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ដែរ ។
ឯកឧត្តមបញ្ជាក់ថា អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ នឹងចាត់កម្លាំងឲ្យនៅចាំឃ្លាំមើលថែរក្សាការពារតំបន់នេះ មិនឲ្យកើតរឿងបែបនេះសាជាថ្មីម្ដងទៀតនោះទេ ហើយចំពោះប្រជាពលរដ្ឋស្លូតត្រង់ដែលចាញ់បោកក្រុមមេខ្យល់ ពួកគាត់បានទទួលស្គាល់កំហុស ដោយមួយចំនួនបានវិលត្រឡប់ទៅកាន់ទីកន្លែងកំណើតវិញ នឹងមួយចំនួនទៀត អាជ្ញាធរស្រុកសេសាន និងស្រុកបុរីអូរស្វាយសែនជ័យ កំពុងដុតដៃដុតជើងស្រង់អត្តសញ្ញាណកម្មឲ្យបានច្បាស់លាស់ដើម្បីធ្វើការដោះស្រាយជូនពួកគាត់ ។
សូមបញ្ជាក់ថា ក្រុមការងារបានរំដោះដីព្រៃដែលរងការកាប់ទន្ទ្រានបានជាង៧.០០០ហិកតា យកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ និងចាប់ខ្លួនមេខ្លោងបាន១០នាក់ដែលជាខ្មែរ-អ៊ីស្លាម៕