លិខិតបញ្ជាក់ ៣ កន្លែង ដែលចេញដោយជំទប់ក្រពើពីរ ស្រុកវាលវែង ខេត្តពោធិសាត់ ត្រូវបានលោក ទេព កាន់ មេឃុំក្រពើពីរ ធ្វើមោឃភាពចាប់ពីថ្ងៃចុះហត្ថលេខា ទី ១៨ ខែមីនា ឆ្នាំ ២០២៤ តទៅ ។
ការអះអាងធ្វើមោឃភាពលើលិខិតទាំង ៣ របស់លោក ទេព កាន់ ធ្វើឡើងក្រោមកិច្ចប្រជុំ ស្តីពីការធ្វើមោឃភាពលើឯកសារ គំនូសបង្ហាញទីតាំងដី, ឯកសារ(កិច្ចសន្យាទិញ-លក់ដី មិនកែប្រែ) ដែលចុះហត្ថលេខាដោយលោក កន ខាន់ដា ជំទប់ទី១ ក្រោមអធិបតីភាពលោក ទេព កាន់ មេឃុំក្រពើពីរ និងជាប្រធានអង្គប្រជុំ រួមទាំងលោកស្រីជំទប់ទី ២ និងសមាជិកក្រុមប្រឹក្សា ២ រូប ។
លិខិតបញ្ជាក់ទាំង ៣ នោះមាន ៖
១. ការបញ្ជាក់លេខ ៤៨៩ ក្រ.ព ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ចេញដោយលោក កន ខាន់ដា ជំទប់ឃុំក្រពើពីរ បញ្ជាក់លើកិច្ចសន្យាទិញលក់អចលនវត្ថុ (ដី) មិនកែប្រែ គ្មានកាលបរិច្ឆេទ ធ្វើឡើងរវាងឈ្មោះ សាត សុគា, ឈ្មោះ អាន សាអឿន និងឈ្មោះសិន រ៉ា ។
២. ការបញ្ជាក់លេខ ៧៦៩ ក្រ.ព ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ចេញដោយលោក កន ខាន់ដា ជំទប់ឃុំក្រពើពីរ បញ្ជាក់លើគំនូសបង្ហាញទីតាំងដី មានក្រឡាផ្ទៃទំហំ ២.៥០០ ហិចតា ស្ថិតនៅភូមិអូររំចេក ភូមិក្រសាំងព្នៅ ភូមិអូរតាទិន ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ចុះហត្ថលេខាបញ្ជាក់ដោយមេភូមិអូររំចេក ។
៣. ការបញ្ជាក់លេខ ១៦៤៥ ក្រ.ព ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ចេញដោយលោក កន ខាន់ដា ជំទប់ឃុំក្រពើពីរ បញ្ជាក់លើគំនូសបង្ហាញទីតាំងដីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិក្រសាំងព្នៅ ឃុំ ក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានលេខ ០១៦៩/ក្រ.ស ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយមេភូមិក្រសាំងព្នៅ។
ការធ្វើមោឃភាពលើលិខិតបញ្ជាក់ទាំង ៣ ខាងលើ ដោយសារមានភាពមិនប្រក្រតី ហេតុដូច្នេះ ដើម្បីជៀសវាងបុគ្គលខិលខូចយកលិខិតសញ្ញាដូចរៀបរាប់ខាងលើ ទៅប្រើប្រាស់ខុសច្បាប់ មេឃុំសូមអះអាងអំពីការមោឃភាពលើការបញ្ជាក់លិខិតសញ្ញានេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។
សូមបញ្ជាក់ថា ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចេញការណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ពិសេសក្រសួងបរិស្ថាន យកចិត្តទុកដាក់លើការគ្រប់គ្រង និងការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើ ដើម្បីកុំឱ្យមានជនឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជូនមន្ត្រីជំនាញចុះទៅដល់ភូមិសាស្ត្រ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមទាំងត្រួតពិនិត្យទីតាំងទាំងឡាយ ដែលមានការពាក់ព័ន្ធនឹងដីព្រៃរដ្ឋ ៕