អនុវត្តតាមស្មារតីនៃសេចក្តីណែនាំរបស់ក្រសួងបរិស្ថាន ក្នុងការជំរុញកិច្ចប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់ ការពារការបំផ្លាញធនធានធម្មជាតិ ដោយមិនឲ្យជនល្មើសរួចខ្លួន នៅថ្ងៃ២ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារឧទ្យានជាតិអូរយ៉ាដាវ នៃការិយាល័យឧទ្យានជាតិ សហការជាមួយកម្លាំងយោធាតំបន់សឹករងស្រុកអូរយ៉ាដាវ បានចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិអូរយ៉ាវ មកដល់ចំណុចអូរតាង ក្បែរប៉ុស្តិ៍អូរតាង ត្រង់និយាយកាលេខ (៧៧៧១៣៩-១៥០៧២១២)ស្ថិតនៅភូមិដតូច ឃុំយ៉ាទុង ស្រុកអូយ៉ាដាវខេត្តរតនគិរី ក្រុមការងារបានឃាត់ខ្លួនជនជាតិ(ចារ៉ាយ ជនជាតិវៀតណាម) ចំនួន ២នាក់ នៅចំណុចទីតាំងខាងលើ។
តាមការពិនិត្យ ឃើញមានសកម្មភាពលួចកាប់ឈើ និងស្នាមដានត្រាក់ទ័រនៅក្បែរមាត់អូរតាង ក៏ដកហូតវត្ថុតាងមួយចំនួនរួមមាន:
-ម៉ូតូចំនួន ១ គ្រឿងមានម៉ាក់ Yamaha ស្លាកលេខ 81-U1 18330
-ទូរស័ព្ទដៃចំនួន ១គ្រឿង មានរូបចាប់សត្វព្រៃនឹងរូបភាពឈើមួយចំនួន
-កាបូបលុយចំនួន ១ មានលុយនៅក្នុងកាបូបចំនួន ៩៦ ០០០ ដុង
-ស្បៀងអាហារ
-ច្រវ៉ាក់ថ្មីមិនទាន់ប្រើប្រាស់ចំនួន ១ ខ្សែ។
តាមការឆែកឆេរជនសង្ស័យខាងលើ ពុំមានឯកសារឆ្លងដែនណាមួយនៅជាប់នឹងខ្លួនឡើយហើយតាមការពិនិត្យនៅកន្លែងកើតហេតុ ជនសង្ស័យខាងលើមានជាប់ពាក់ព័ន្ធនឹងបទល្មើសកាប់រំលំដើមឈើ និង ចូលមកដាក់អន្ទាក់ចាប់សត្វព្រៃក្នុងតំបន់ការពារដោយគ្មានការអនុញ្ញាត និងលួចឆ្លងដែនខុសច្បាប់។
ដោយទទួលបានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងខេត្ត ក្រុមការងារកសាងឯកសារ និងបានបញ្ជូនជនសង្ស័យខាងលើទៅតុលារការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕