ភ្នំពេញ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ដែលជាបណ្ដុំសមាគមសារព័ត៌មាន១៤នៅកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់ចំពោះដំណើរការក្តីលើ “ សំណុំរឿងសន្និដ្ឋិភាពជាមួយបរទេសរបស់ លោក កឹម សុខា” ព្រមទាំងបានពិនិត្យលើការផ្សាយព័ត៌មាននានា និងបានស្ដាប់សាធារណមតិជុំវិញករណីនេះ។
សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ក្នុងនាមជាប្រជាជនកម្ពុជាដែលជាម្ចាស់ប្រទេស បានយល់ច្បាស់ពី សច្ចភាពនៃដំណើរប្រវត្តិសាស្ត្រកម្ពុជា និងបានយល់ច្បាស់ពីផលវិបាកនានាដែលបង្កឡើងដោយសារតែ មនោគមន៍វិជ្ជាបរទេស និងនយោបាយជ្រុលនិយម ដែលនាំឱ្យប្រទេសជាតិជួបវិនាសកម្ម ហិនហោច សោកសង្រេងក្នុងអតីតកាល គឺមិនគាំទ្ររាល់សកម្មភាពនយោបាយដែលឃុបឃិតជាមួយជនបរទេសបំផ្លាញ ភាពសុខសាន្តរបស់ប្រទេសជាតិនិងប្រជាជននោះទេ។
សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា សូមរំលឹកឡើងវិញថា កម្ពុជាក្នុងទសវត្សរ៍១៩៦០ ធ្លាប់កាត់ទោស ប្រហារជីវិត ព្រាប អ៊ុន និងគូកន នៅត្រពាំងក្រឡឹង ពីទោសក្បត់ជាតិ។ នៅគ្រានោះ ការជ្រៀតជ្រែកពីបរទេស មកលើកិច្ចការផ្ទៃក្នុងកម្ពុជា ហាក់មិនឈប់ឈរសោះ ហើយជាអកុសល នយោបាយឃុបឃិតជាមួយ បរទេស របស់ លន់ នល់ បាននាំឱ្យកើតមានរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលលទ្ធផលបាននាំប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ការទម្លាក់គ្រាប់បែក និង កើតឡើងនូវរបបវាលពិឃាត ប៉ុល ពត ដែលធ្វើឱ្យប្រជាជនកម្ពុជាស្លាប់ជាង៣លាននាក់ និងរស់នៅជាមួយ ភ្នំឆ្អឹង ស្ទឹងទឹកភ្នែក ហេដ្ឋារចនាសម្ព័ន្ធប្រទេសជាតិ ត្រូវខ្ទេចខ្ទាំក្លាយជាផេះផង់។ មេរៀនប្រវត្តិសាស្ត្រនេះ ហាក់នៅស្រស់ៗ និងសោកសៅពន់ពេកហើយ សម្រាប់ប្រជាជនខ្មែរ និងប្រទេសដ៏កម្សត់មួយនេះ ដែល កម្ពុជាដាច់ខាតមិនត្រូវអនុញ្ញាតឱ្យនយោបាយជ្រុលនិយម ដែលដើម្បីតែមហិច្ឆតាអំណាចផ្ទាល់ខ្លួន ឃុបឃិត ជាមួយបរទេស មកបំបែកបំបាក់សាមគ្គីជាតិ និងបំផ្លិចបំផ្លាញកម្ពុជាសារជាថ្មីឡើយ។
សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា យល់ឃើញថា រលកបដិវត្តន៍ពណ៌ ដែលកើតឡើងជាបន្តបន្ទាប់នៅ ច្រើនកន្លែង ក៏ហាក់មិនថមថយឡើយ ហើយការប៉ុនប៉ងឆក់ឱកាសក្នុងដំណាក់កាលបោះឆ្នោត និងការ បង្កហេតុតាមផ្លូវទុច្ចរិត មិនប្រជាធិបតេយ្យ ដើម្បីដណ្ដើមអំណាចតាមផ្លូវបដិវត្តន៍ពណ៍ គឺកម្ពុជាពិតជាមិន អាចធ្វេសប្រហែសបានឡើយ។ ឧបាយកលនិងការចិញ្ចឹមចិត្តធ្វើបដិវត្តន៍ពណ៍ ស្តែងចេញយ៉ាងច្បាស់តាម រយៈសម្តីរបស់លោក កឹម សុខា ដែលមាននៅក្នុងឃ្លីបវីដេអូ មានផ្សាយជាសាធារណៈរួចជាស្រេចទៅហើយ។
សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា យល់ឃើញថា ការផ្តន្ទារទោសលោក កឹម សុខា ឱ្យជាប់ឃុំរយៈពេល ២៧ឆ្នាំ ហើយអាចរស់នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្រោមវិធានការត្រួតពិនិត្យរបស់តុលាការ គឺជាការអនុវត្ត ច្បាប់ប្រកបដោយការថ្លឹងថ្លែង មនុស្សធម៌ និងមានការយល់យោគពេកហើយ បើប្រៀបធៀបទៅនឹងអំពើ ក្បត់ជាតិរបស់ ព្រាប អ៊ុន ដែលត្រូវបានកាត់ទោសប្រហារជីវិត ហើយតាមផ្លូវច្បាប់ លោក កឹម សុខា នៅមាន សិទ្ធិពេញលេញក្នុងការប្តឹងឧទ្ធរណ៍លើការសម្រេចក្ដីនេះតទៅទៀត។
សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា បានកត់សំគាល់ឃើញថា មានញត្តិដ៏ច្រើនលើសលប់ពីសំណាក់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បណ្តាអង្គការសង្គមស៊ីវិល និងពីប្រជាជនកម្ពុជា គាំទ្រចំណាត់ ការរបស់តុលាការចំពោះអំពើក្បត់ជាតិរបស់ កឹម សុខា។ នេះឆ្លុះបញ្ចាំងបានថា ប្រជាជនកម្ពុជា មិនយល់ព្រម ឱ្យចលនាទុច្ចរិតណាមួយ មកបំផ្លាញសេចក្តីសុខ សន្តិភាព និងបំពានអធិបតេយ្យជាតិ សារជាថ្មីនោះឡើយ។
សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ក៏បានកត់សម្គាល់ឃើញថា មានបរទេសខ្លះបានថ្លែងសារបែបចំអកមក លើចំណាត់ការរបស់តុលាការ ដែលយើងយល់ថា ជាការលាតត្រដាងឱ្យឃើញច្បាស់វិញថា គេសុខចិត្តបិទ ភ្នែក និងបិទត្រចៀកដោយមិនខ្វល់ពីអង្គហេតុនិងទង្វើរបស់ កឹម សុខា។ គេនិយាយអំពីនីតិរដ្ឋ តែផ្ទុយទៅវិញ គេទាត់ចោលផ្លូវច្បាប់របស់ប្រទេសអធិបតេយ្យមួយ ហើយថែមទាំងទាត់ចោលការឈឺចាប់ពីមេរៀនអតីត កាល និងការប្រឹងប្រែងក្នុងបច្ចុប្បន្នរបស់ប្រជាជនកម្ពុជារាប់លាននាក់។ បរទេសខ្លះបានប្រើប្រាស់វោហារ សាស្ត្រសិទ្ធិនិងសេរីភាព ធ្វើជាស្បៃដ៏ពិសពុលបិទបាំងលើទង្វើទុច្ចរិតរបស់ពួកជ្រុលនិយម។ ប៉ុន្តែលើការ ជាក់ស្តែង ពួកគេមិនអនុញ្ញាតឱ្យអំពើជ្រុលនិយម អំពើអនាធិបតេយ្យ កើតមាននៅក្នុងប្រទេសរបស់គ នោះទេ។ ពិភពលោកបានឃើញដោយផ្ទាល់ភ្នែកនូវវិធានការឆ្លើយតបរបស់គេតាមផ្លូវច្បាប់ និងការសង សឹករបស់គេជាបន្តបន្ទាប់នៅច្រើនទីកន្លែង ដោយមិនលើកលែង។ នេះជាការដាស់ស្មារតីប្រជាជនកម្ពុជា ថា ភាពសុខសាន្តរបស់ប្រជាជនកម្ពុជា គឺមិនអាចផ្ញើលើនរណា ក្រៅតែពីខ្មែរខ្លួនឯងបានឡើយ។ បើពេល ណាហើយដែលប្រទេសកម្ពុជា ធ្លាក់ក្នុងវិបត្តិ គ្មានស្ថេរភាព បាត់បង់ឯករាជ្យនឹងសន្តិភាព គឺច្បាស់ណាស់ គ្មាននរណាទ្រាំទ្រការលំបាកនៅទីនេះ ក្រៅតែពីប្រជាជនកម្ពុជានោះទេ។ ពួកគេនឹងចាកចោលកម្ពុជា ដូចដែលទ្រង់ ស៊ីសុវត្ថិ សិរិមតៈ បានផ្ញើសារចុងក្រោយរួចទៅហើយ។
សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងដល់មនសិការស្មារតីរបស់ប្រជាជនកម្ពុជា ដែលស្រឡាញ់សន្តិភាព ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចប្រឹងប្រែងទាំងឡាយរបស់អាជ្ញាធរមាន សមត្ថកិច្ច ស្ថាប័នតុលាការ និង រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់តាមផ្លូវច្បាប់នូវរាល់ឧបាយកលទុច្ចរិត និង នយោបាយជ្រុលនិយម ដែលប្រាសចាកពីដំណើរប្រជាធិបតេយ្យ ដើម្បីធានាការពារភាពសុខសាន្ត ស្ថិរ ភាពជាតិ អធិបតេយ្យជាតិ ព្រមទាំងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ កម្ពុជាមានជម្រើសដ៏ត្រឹមត្រូវនិង មានតម្លៃបំផុតនោះគឺ “ សន្តិភាព” ត្រូវតែស្ថិតស្ថេរយូរអង្វែងនៅកម្ពុជា ដើម្បីអនាគតដ៏ប្រសើររបស់កូនចៅ និងប្រជាជនយើងតទៅមុខ៕