ថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ប្រតិភូកម្ពុជាចំនួន៥រូប មកពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទ ក្រសួងបរិស្ថាន និងតំណាងអង្គការFAO បានបន្តចូលរួមវេទិកាវិនិយោគ Hand in Hand Initiative Investment (HIHI Forum) និងកិច្ចប្រជុំទ្វេភាគីពាក់ព័ន្ធ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ វេទិកា HIHI នេះត្រូវបានរៀបចំឡើងដោយអង្គការភាពជាដៃគូ FAO និងការិយាល័យទំនាក់ទំនងFAO ប្រចាំនៅសាធារណរដ្ឋកូរ៉េ ដើម្បីសម្របសម្រួលប្រទេសដែលចូលរួមធ្វើការបង្ហាញនូវការវិនិយោគរបស់ខ្លួនជូនដល់វិស័យសាធារណៈ និងឯកជននៅសាធារណរដ្ឋកូរ៉េ។ ប្រទេសដែលចូលរួមមាន កម្ពុជា នេប៉ាល់ ប៉ាគីស្ថាន ប៉ាពូញូវហ្គីណេ និងវ៉ានូទូ។
ប្រតិភូកម្ពុជាបានចូលរួមវេទិកា HIHI នេះ ក៏បានង្ហាញពីអាទិភាពចំនួនបីក្នុងវិស័យស្បៀង និងកសិកម្មកម្ពុជា ជូនដល់អ្នកវិនិយោគកូរ៉េដែលមានចំណាប់អារម្មណ៍ធ្វើការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើការងារកសិកម្មប្រកបដោយភាពឆ្លាតវៃនៅកម្ពុជា។ ប្រតិភូកម្ពុជាក៏បានជួបប្រជុំទ្វេភាគីជាមួយក្រុមហ៊ុនមួយចំនួនដែលជាក្រុមហ៊ុនធ្វើការលើផ្នែក ព្រៃឈើ ស្បៀង និងកសិកម្ម កសិដ្ឋានដែលមានភាពឆ្លាតវៃនិងដំណោះស្រាយពាក់ព័ន្ធនឹងអាកាសធាតុ ដែលមានដូចជា Glotel Corporation & G-Farm Corporation; Dongwoo Tech; Nongshim Co., Ltd; និង Greenery CorporationនិងBakela Corporation។ ក្រុមហ៊ុនទាំងនេះមានចំណាប់អារម្មណ៍លើការវិនិយោគ និងកិច្ចសហការជាមួយកម្ពុជា។
ជាមួយគ្នាផងដែរ ប្រតិភូបណ្តាប្រទេសចូលរួម បានធ្វើទស្សនកិច្ចសិក្សានិងទទួលបានព័ត៌មានចំណេះដឹងពាក់ព័ន្ធនឹងវិធីសាស្រ្តប្រកបដោយភាពឆ្លាតវៃសម្រាប់ការធ្វើដំណាំកសិកម្មមួយចំនួន៕